នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០) នៃការយាងចូលព្រះទិវង្គតនៃព្រះបរមរតនកោដ្ឋ។ ទោះបីជាអតីតព្រះមហាវីរក្សត្រនរោត្តម សីហនុ បានចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១២កន្លងទៅ ក្តីតែស្នាព្រះហស្ថរបស់ព្រះអង្គ នៅតែស្ថិតនៅជាកេរដំណែលប្រវត្តិសាស្រ្ត និងស្ថិតនៅក្នុងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ដើម្បីជាការរំលឹកឡើងវិញពីស្នាព្រះហស្ថនិងការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះវរបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្រមាប៉ុស្តិ៍ ក៏សូមលើកឡើងពី ព្រះរាជជីវប្រវត្តិជាសង្ខេបនិងស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គទៅដល់ប្រិយមិត្តដូចតទៅ៖
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ"ព្រះអង្គប្រសូតនៅថ្ងៃអង្គារ១១កើត ខែកក្តិក ឆ្នាំចចត្វាស័ក ព.ស២៤៥៦ត្រូវនឹងថ្ងៃទី៣១ ខែតុលាឆ្នាំ១៩២២ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ១៩៣០ដល់ឆ្នាំ១៩៤០ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សាFRA-NCOISBAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ។បន្ទាប់មកព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំងសាលលូឡូបា (CHASSELOUPLAUBAT) នៅព្រៃនគរ(វៀតណាមខាងត្បូង)មុននឹងត្រូវបារាំងដែលជាមហាអំណាចអាណានិគមលើកម្ពុជាជ្រើសរើសឲ្យឡើងគ្រងរាជ្យនៅខែមេសា ឆ្នាំ១៩៤១បន្តពីព្រះបាទមុនីវង្សដែលចូលទីវង្គត។
នៅឆ្នាំ១៩៤៧ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារាំងតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងFELIX GOUINនិងបានជួបលោកឧត្តមសេនីយ៍សាល ដឺហ្គោល (CHARLESde GAULLE)។នៅឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៨ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តន៍ទ័ពសេះនិងកងទ័ពរថពាសដែកនៅសូមៀរ (SAUMBUR)ប្រទេសបារាំង។
***ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គ
-ឆ្នាំ១៩៤៧ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឱ្យរាជាណាចក្រថៃឡង់ដ៍ សងរាជាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ដែលថៃឡង់ដ៍បានយកពីកម្ពុជាទៅគឺខេត្តបាត់ដំបង សៀមរាបកំពង់ធំ និងខេត្តស្ទឹងត្រែង។
-ឆ្នាំ១៩៤៩ព្រះអង្គបានទាមទារឱ្យបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣និងឆ្នាំ១៨៨៤។ ក្នុងឆ្នាំ១៩៤៩ដដែលព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យដែល ប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។សន្ធិសញ្ញាឆ្នាំ១៩៤៩នេះលុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយជូនជាតិមាតុភូមិ។
-នៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ដោយស្នាព្រះហស្ថរបស់ព្រះអង្គព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមព្រះអង្គថា"ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ"។
-ឆ្នាំ១៩៥៤ព្រះអង្គបានបញ្ជូនរាជគណៈប្រតិភូជាតំណាងរបស់ព្រះអង្គទៅចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីបញ្ហាឥណ្ឌូចិននៅទីក្រុងហ្សឺណែវ(GENEVE)ដែលមានប្រទេសកម្ពុជាចូលរួមក្នុងឋានៈជារដ្ឋឯករាជ្យ ឯកភាពជាតិ។
-ថ្ងៃទី៣ខែមីនា ឆ្នាំ១៩៥៥ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គបានដាក់រាជថ្វាយព្រះករុណាព្រះបាទសម្តេច សុរាម្រិត ជាព្រះរាជបិតា។
-ថ្ងៃទី២៣ខែមីនា ឆ្នាំ១៩៥៥ ព្រះអង្គបានបង្កើតចលនាសង្គមរាស្រ្តនិយមដែលគណបក្សជាច្រើនបានចូលរួមក្នុងចលនានោះ។ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ខែមេសា ឆ្នាំ១៩៥៥ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលអាហ្វ្រិក-អាស៊ីលើកទី១នៅទីក្រុង បាន់ឌុងប្រទេសឥណ្ឌូណេស៊ីហើយនៅទីនោះព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹត្យក្នុងឯករាជ្យទាំងស្រុងនិងសន្តសហវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសទាំងអស់ដោយមិនគិតពីមនោគមវិជ្ជាឡើយ។
-ថ្ងៃទី១១ខែកញ្ញា ឆ្នាំ១៩៥៥ព្រះអង្គបានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិដោយបានទទួលការគាំទ្រពីប្រជារាស្ត្រខ្មែរច្រើនលើសលប់។ព្រះអង្គបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្រ្តីហើយឋានៈ ជាប្រមុខនៃប្រជារាស្រ្តខ្មែរព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំដើម្បីអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជាទូទៅក្នុងគ្រប់វិស័យនៃការកសាងជាតិរបស់ព្រះអង្គជាពិសេសការលើកស្ទួយនារីឱ្យមានភាពស្មើគ្នានឹងបុរសក្នុងការងារ។ ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ១៩៥៥ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។
នៅឆ្នាំ១៩៥៩នៅប្រីយ៉ូនី (BRIONI)នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវីព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ចលនាមិនចូលបក្សសម្ព័ន្ធដោយបានឡាយព្រះហស្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ។
-នៅខែកុម្ភៈឆ្នាំ១៩៥៦ ក្នុងឋានៈជានាយករដ្ឋមន្រ្តីព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិននិងបានជួបជាមួយថ្នាក់ដឹកនាំចិនជាច្រើនរួមមានឯកឧត្តម លោកប្រធានម៉ៅ សេទុង (MAOTSETUNG)ជាដើម។ព្រះអង្គបានឡាយព្រះហស្ថលេខាលើសេចក្តីប្រកាសរួមស្តីពីមិត្តភាពកម្ពុជា-ចិន។
-នៅឆ្នាំ១៩៦០ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសុរាម្រិត ទ្រង់សោយព្រះទិវង្គតពេលនោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ត្រូវបានសមាជិកសភាខ្មែរបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះរាជឋានៈជាព្រះប្រមុខរដ្ឋព្រះអង្គបន្តការដឹកនាំប្រជារាស្រ្តខ្មែរក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាងសកម្ម។នៅខែកញ្ញា ឆ្នាំ១៩៦០នៅមហាសន្និបាតអង្គការសហប្រជាជាតិខ្មែរព្រះអង្គបានលើកឡើងនូវផែនការបង្កើតឡើងអាស៊ីអាគ្នេយ៍ជាតំបន់អព្យាក្រឹត្យរវាងប្លុកមហាអំណាចទាំងពីរ។
-ចាប់ពីខែវិច្ឆិកាឆ្នាំ១៩៦១ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មនយោបាយការទូតដើម្បីទាមទារប្រាសាទព្រះវិហារជាសម្បត្តិ វប្បធម៌បេតិកភណ្ឌជាតិខ្មែរពីប្រទេសថៃមកវិញដោយតុលាការទីក្រុងឡាអេបានសម្រេចប្រគល់មកព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
-នាខែវិច្ឆិកាឆ្នាំ១៩៦១ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលលើកទី១នៃចលនាមិនចូលបក្សសម្ព័ន្ធនៅបែលក្រាដ ប្រទេសយូហ្គោស្លាវីដែលមាន២៩ប្រទេសចូលរួម។នៅទីនោះព្រះអង្គបានថ្កោលទោសចំពោះអំពើរបស់ពួកអាណានិគមនិយមចក្រពត្តិនិយមនិងការប្រកាន់ពូជសាសន៍។ នៅខែមិថុនា ឆ្នាំ១៩៦៤លោកឧត្តមសេនីយ៍ សាល ដឺហ្គោលCHARLES deGAULLE)ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានរៀបចំបដិសណ្ឋារកិច្ចជាឱឡារិកថ្វាយព្រះកុរណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ នៅទីក្រុងប៉ារីស។លោកប្រធានាធិបតីបានទទួលដោយស្មោះសរនូវសំណើរបស់ភាគីកម្ពុជាស្តីពីការទទួលស្គាល់អាព្យាក្រឹត្យភាពនៃព្រះរាជាណាចក្រកម្ពុជា។
-នៅចុងខែសីហានិងដើមខែកញ្ញា ឆ្នាំ១៩៦៦ព្រះអង្គបានរៀបចំបដិសណ្ឋារកិច្ចទទួលជាឱឡារិកលោកឧត្តមសេនីយ៍ សាលដឺហ្គោល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដែលបានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
-នៅថ្ងៃទី០១ខែកញ្ញា ឆ្នាំ១៩៦៦នៅក្នុងសុន្ទរកថាដែលថ្លែងនៅពហុកីឡដ្ឋានជាតិអូឡាំពិកភ្នំពេញលោកប្រធានាធិបតីបានគាំទ្រព្រះរាជាណាចក្រកម្ពុជាដែលការពារឯករាជ្យបូរណភាពទឹកដី អព្យាក្រឹត្យសន្តិភាពនៃខ្លួន។
-ពីថ្ងៃទី២៦ខែវិច្ឆិកា ដល់ថ្ងៃទី០៦ខែធ្នូ ឆ្នាំ១៩៦៦ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជាព្រះបិតាឯករាជ្យជាតិព្រះបិតាសិក្សាធិការជាតិព្រះបិតាសុខាភិបាលជាតិព្រះបិតាកីឡាជាតិព្រះបិតាស្ថាបនាជាតិសមិទ្ធផលនានាជាច្រើនត្រូវបានកសាងឡើងនិងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្តក្រុងនានា មានដូចជា៖
-វិមានឯករាជ្យ
-វិមានរដ្ឋចំការមន
-ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង
-ចំណតអាកាសយានដ្ឋានសៀមរាប
-ចំណតអាកាសយានដ្ឋានបែកចានខេត្តបាត់ដំបង
-ផ្លូវជាតិលេខ៤ភ្នំពេញ ក្រុងព្រះសីហនុ
-កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
-សណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ
-សាលមហោស្រពជាតិព្រះសុរាម្រិតភ្នំពេញ
-សាលសន្និសីទចតុម្មុខ
-ពហុកីឡដ្ឋានជាតិអូឡំាពិកភ្នំពេញ
-ស្ពានព្រះមុនីវង្សទី២
-ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប
-សាកលវិទ្យាល័យសង្គមរាស្រ្តនិយមភ្នំពេញ
-សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស
-សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល
-មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
-មហាវិទ្យាល័យគរុកោសល្យ
-ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ
-មហាវិទ្យាល័យសិល្បៈស្ថាបនា
-មហាវិទ្យាល័យសិល្បៈនិងមុខរបរ
-ពុទ្ធិកសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
-សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត
-សាកលវិទ្យាល័យភូមិន្ទកំពង់ចាម
-សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
-សាកលវិទ្យាល័យភូមិន្ទតាកែវកំពត
-រោងភាពយន្តរដ្ឋ
-ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ
-មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
-រោងចក្រចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ
-រោងចក្រស្រាបៀរក្រុងព្រះសីហនុ
-រោងចក្រនរោត្តម ដំឡើងត្រាក់ទ័រនិងរថយន្តធំ ក្រុងព្រះសីហនុ
-រោងចក្រស្កសរកំពង់ត្រំា ខេត្តកំពង់ស្ពឺ
-រោងចក្រវាយភ័ណ្ឌខេត្តបាត់ដំបង
-រោងចក្របាវក្រចៅដូនទាវ ខេត្តបាត់ដំបង
-រោងចក្រស៊ីម៉ង់ត៍ចក្រីទីងខេត្តកំពត
-រោងចក្រកែវជើងឯករាជធានីភ្នំពេញ
-រោងចក្រក្តារបន្ទះដីឥដ្ឋខេត្តកណ្តាល
-រោងចក្រក្រដាសឆ្លូងខេត្តក្រចេះ
-រោងចក្រជីហ្វូសស្វាតទូកមាសខេត្តកំពត
-រោងចក្រកង់ឡានតាខ្មៅខេត្តកណ្តាល
-រោងចក្រត្រីខប្រអប់ខេត្តកោះកុង
-រោងចក្រផលិតជ័រកៅស៊ូជប់ខេត្តកំពង់ចាម
-រោងចក្រវារីអគ្គិសនីគីរីរម្យខេត្តកំពង់ស្ពឺនិងសមិទ្ធផលនានាជាច្រើនទៀតនៅតាមបណ្តាស្រុក ខេត្ត ក្រុងដូចជាសាលារៀន មន្ទីរ ពេទ្យទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវថ្នល់ស្ពានជាដើម។ល។
-នៅថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១នៅទីក្រុងប៉ារីសព្រះអង្គបានឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាជាមួយសមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា១១រូបជាមួយតំណាងរដ្ឋាភិបាល១៨ប្រទេសនិងជាមួយលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
-នៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ១៩៩៣ព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ផ្លូវការនូវរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័ត។ថ្ងៃដដែលនោះ មហាមិទ្ទិញមហាជនមួយត្រូវបានរៀបចំឡើងដោយមានមហាជនយ៉ាងច្រើនកុះករចូលរួមដើម្បីសម្តែងមនោសញ្ចេតនាអបអរគាំទ្រស្វាគមន៍ចំពោះរដ្ឋធម្មនុញ្ញថ្មីនិងព្រះឋានៈព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
-នៅថ្ងៃចន្ទទី១៥ ខែតុលា ឆ្នាំ២០១២ត្រូវនឹងថ្ងៃ១៥កើតខែភទ្របទឆ្នាំរោង ចត្វាស័កវេលាម៉ោង១ និង២០នាទីយប់(ម៉ោងនៅកម្ពុជា)នៅទីក្រុងប៉េកាំងប្រទេសចិន ព្រះអង្គបានយាងចូលទិវង្គតក្នុងព្រះជន្ម៩០ព្រះវស្សា។ប៉ុន្តែទោះជាព្រះអង្គឃ្លាតព្រះកាយពីកូនចៅក្តីសម្រាប់ប្រជារាស្រ្តខ្មែរទាំងអស់ព្រះអង្គនៅតែជានិមិត្តរូបនៃការបង្រួបបង្រួមជាតិផ្សះផ្សាជាតិនិងជាព្រះបិតាឯករាជ្យជាតិខ្មែរជាប់ជានិច្ច៕
ប្រភព៖